នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្ត... Voir plus
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្ត... Voir plus
Épisodes disponibles
5 sur 24
ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ?
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ? មនុស្សលោកចេះកែច្នៃអាហារ តាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីទុកឱ្យបានយូរផង និងធ្វើឱ្យអាហារអាចកាន់តែស្រួលបរិភោគផង។ បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។កាន់តែសម្បូរ ចំណោទសួរជុំវិញសុវត្ថិភាពនិងគុណភាពផ្នែកអាហារូបត្ថម្ភមានកាន់តែខ្លាំង ព្រោះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គំនិតកែច្នៃកាន់តែប្លែក អាហារប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ជាអាហារកែច្នៃខ្លាំង តាមបែបឧស្សាហកម្ម ដែលនាំឱ្យមានការប្តូររូបរាង ធាតុគីមី និងជីវសាស្ត្រយ៉ាងខ្លាំង ឬដោយដាក់បន្ថែមយ៉ាងច្រើននូវសារធាតុគីមី នូវគ្រឿងផ្សំឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។នៅប្រទេសបារាំង អាហារកែច្នៃ ឬអាហារឧស្សាហកម្ម មានផ្ទុកថាមពលប្រមាណ៣០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងឡើងដល់ទៅ៦០%សម្រាប់ប្រទេសលោកខាងលិចខ្លះដូចយ៉ាងអាមេរិកឬអង់គ្លេស។ នេះបើតាមទិន្នន័យសិក្សារបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវសុខាភិបាលជាតិបារាំង។ដូចម្តេចដែលហៅថា អាហារកែច្នៃ ? អ្នកស្រាវជ្រាវម៉ិចស៊ិក បានបំផុសពិភពលោកឱ្យចាប់អារម្មណ៍ពីអាហារកែច្នៃមុនគេ នៅឆ្នាំ២០០៧ ព្រោះឃើញពលរដ្ឋម៉ិចស៊ិកលែងសូវទទួលទានម្ហូបជាតិ ហើយងាកទៅរកអាហារបែបឧស្សាហកម្ម។ សម្រាប់អ្នកស្រាវជ្រាវម៉ិចស៊ិក អាហារកាន់តែមានលក្ខណៈឧស្សាហកម្ម កាន់តែមិនល្អសម្រាប់សុខភាព។ ពួកគាត់បានបែងចែកអាហារ ជាបីកំរិត ៖ ចំណីនិងម្ហូបជាប្រពៃណី ចំណីនិងម្ហូបប្រពៃណីបែបឧស្សាហកម្ម ចំណីនិងម្ហូបទំនើប បែបឧស្សាហកម្ម ឬហៅអាហារកែច្នៃខ្លាំង។ តែនិយមន័យផ្តល់ដោយអ្នកស្រាវជ្រាវប្រេស៊ីលនៅឆ្នាំ២០០៩ ទើបបានទទួលជោគជ័យខ្លាំង នៅទូទាំងពិភពលោក និងទទួលស្គាល់ សម្រាប់សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃអាហារចំពោះសុខភាព។ អ្នកវិទ្យាសាស្ត្រប្រេស៊ីល កំណត់ក្បួន NOVA បែងចែងអាហារទៅតាមកំរិតនៃការបំផ្លែង ទៅតាមកំរិតនៃការប្រើសារធាតុគីមីបន្ថែម ឬការប្រើសារធាតុឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមរុក្ខជាតិ ឬសត្វ។ ប្រើគ្រឿងផ្សំកាន់តែច្រើនមុខ អាហារមានការប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ការយកបន្លែផ្លែឈើរុក្ខជាតិ ឬសាច់សត្វ មក ហាន់ ចិញ្ចាំ លាយច្របល់ ហាលចំអិន ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ដោយប្រើតែ អំបិល ម្រេច ប្រេង ឬគ្រឿងទេសផ្សេងៗ ដូចជាធ្វើ អាហារកំប៉ុង ផ្អក ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវបានគេចាត់ទុកជាអាហារកែច្នៃហើយ តែជាការកែច្នៃបែបបូរាណ។ ប៉ុន្តែគឺការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រលប់ ហើយត្រូវបានគេដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត ដូចជា បន្ថែមសារធាតុគីមីពណ៌(លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌ល្អ ថែមមេថែមម្សៅដើម្បីដំឡើងបរិមាណ ថែមរសជាតិដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់ ថែមអង់ទីអុកស៊ីដង់ដើម្បីទុកបានយូរ ។ល។ និង។ល។ នេះហើយដែលហៅថាអាហារកែច្នៃខ្លាំង ឬអាហារកែច្នៃបែបឧស្សាហកម្ម។ភេសជ្ជៈកំប៉ុង ភេសជ្ជៈមានរសជាតិទឹកដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែសម្ងួត នំចំណី នំផ្អប់-នំកញ្ចប់ ឆាហួយ សេរៀលសម្រាប់អាហារពេលព្រឹក គ្រឿងបង្អែមថែមស្ករថែមក្លិនសិប្បនិម្មិត ស្ករគ្រាប់ ស្ករកៅស៊ូ ផលិតផលអាហារបញ្ចុះទម្ងន់ ម្ហូបស្រាប់ អាហារធ្វើហើយ... សុទ្ធសឹងជាអាហារកែច្នៃខ្លាំង។ អាហារកែច្នៃបែបឧស្សាហកម្មនេះ មាន ដាក់លក់យ៉ាងពោរពាស ស្រួលណាស់រកទិញណាស់ ហើយបានឆ្ងាញ់មាត់និងទាន់សម័យទៀត។ ប៉ុន្តែអាហារឧស្សាហកម្ម អាហារកែច្នៃខ្លាំង មិនប្រាកដថាល្អសម្រាប់សុខភាពទេ បើគិតអំពីគុណភាពផ្នែកអាហារូបត្ថម្ភ។ អាហារបែបនេះ ជាប់ឈ្មោះអាក្រក់ ថាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង និងអាចនាំឱ្យមានហានិភ័យដល់ប្រព័ន្ធរំលាយអាហារ ឬកើតជំងឺមហារីកផង។ ហានិភ័យកើតសរសៃឈាមជំងឺបេះដូង (ឡើងទម្ងន់ ធាត់ជ្រុល លើសឈាម) កើនឡើងទៅតាមបរិមាណនៃការទទួលអាហារកែច្នៃ។ ហេតុអ្វីបានជាអាហារកែច្នៃ អាហារឧស្សាហកម្ម អាចបំផ្លាញសុខភាព ? លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យឯកទេសរបបអាហារនិងអាហារូបត្ថម្ភ នៅក្រុងដាកាប្រទេសសេណេហ្កាល់៖ “ពីព្រោះចំណីអាហារកែច្នៃ -ចំណីអាហារឧស្សាហកម្ម មានផ្ទុកសារធាតុគីមីបន្ថែម ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងដល់ដំណើរការជាធម្មតារបស់សរីរាង្គកាយមនុស្ស។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ និយាយអំពីផលរំខានដល់ក្រពេញអ័រមូនលូតលាស់ (Perturbateur endocrinien)។ អាហារឧស្សាហកម្ម មានបង្កប់សារធាតុខ្លាញ់ ជាតិផ្អែម (ស្ករ) ដែលមិនល្អទាល់សោះសម្រាប់សុខភាព។ ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ ទើបល្អ។ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ពិសារទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។ ហេតុអ្វីត្រូវជ្រើសរើសទទួលទានបន្លែនិងផ្លែឈើស្រស់តាមរដូវ ?លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើនិយាយអំពី បន្លែផ្លែឈើនេះ គួរតែជ្រើសរើសទទួលទាន បន្លែផ្លែឈើតាមរដូវ និងដុះក្នុងស្រុក ព្រោះបន្លែផ្លែឈើនេះ ដុះលូតលាស់លើទឹកដីដែលត្រូវនឹងធាតុអាកាសស្រុកនោះ - ដុះលូតលាស់ត្រង់កន្លែងដែលត្រូវលូតលាស់ និងប្រមូលផល នៅពេលដែលត្រូវកាច់បេះ ពោលគឺពេញសាច់ ពេញផ្លែ ត្រឹមត្រូវ។ បន្លែផ្លែឈើបែបនេះ មានផ្ទុកកំហាប់អាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែ យ៉ាងពេញលេញ។ ចំណែកបន្លែផ្លែឈើនាំចូលវិញ ដើម្បីរក្សាទុកឱ្យបានយូរ គេប្រហែលជាត្រូវប្រើវិធីបែបសិប្បនិម្មិត។”អាហារបង្កកបន្លែផ្លែឈើស្រស់ តាមរដូវ ដុះតាមស្រុកក្បែរផ្ទះ មិនឡូយទេ តែជាអាហារដ៏មានឱជារស និងល្អសម្រាប់សុខភាពណាស់។ នេះជាជម្រើសដ៏ប្រពៃបំផុត ប៉ុន្តែដោយមូលហេតុថវិកា លក្ខខណ្ឌការងារ ឬពេលវេលា ស្វែងរកអាហារស្រស់ បន្លែផ្លែឈើតាមរដូវ មិនមែនជាប្រការស្រួលឡើយ។ ក្នុងករណីនេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង សូមណែនាំឱ្យលោកអ្នកជ្រើសរើសបន្លែផ្លែឈើ បង្កក។ ភាពខុសគ្នាដ៏ចម្បងមួយនៃបន្លែផ្លែឈើស្រស់និងបន្លែផ្លែឈើកក គឺសម្រស់ខាងក្រៅ និងភាពស្រស់ស្រួយនៅពេលទំពារ។ គេមិនអាចទទួលអារម្មណ៍ដូចគ្នា នៅពេលទំពារបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកកទេ។ ប៉ុន្តែមិនដូចអ្វីដែលគេធ្លាប់មានជំនឿ បន្លែផ្លែឈើកក ផ្តល់គុណប្រយោជន៍ដល់សុខភាព ស្មើនឹងអាហារស្រស់ដែរ។ សូមជ្រើសរើសទទួលទានអាហារកក ដោយរីករាយចុះ ព្រោះ ឧស្សាហកម្មចំណីអាហារកក មានបណ្តាញដាច់ដោយឡែក។ បន្លែផ្លែឈើ ត្រីសាច់ សម្រាប់បង្កក តែងតែកាត់បេះ នេសាទបាន ភ្លាមដាក់បញ្ចូលក្នុងបណ្តាញបង្កកភ្លាម។ ដូច្នេះបន្លែផ្លែឈើ ត្រីសាច់ទាំងនោះនៅស្រស់ៗល្អខ្លាំងណាស់ ព្រមទាំងមានផ្ទុកគុណភាពផ្នែកអាហារូបត្ថម្ភ យ៉ាងខ្ពស់ខ្លាំង ក្នុងកំរិតស្ទើរស្មើនឹងអាហារស្រស់ដែរ។ បើតាមគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ មានការប្រែប្រួលតិចណាស់រវាងបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកក ដោយភាពត្រជាក់និងកក អាចរក្សាវីតាមីន សេ និងដេ របស់បន្លែផ្លែឈើបានយ៉ាងពេញលេញ។ ការទទួលទានបន្លែផ្លែឈើកក ជួនកាលល្អជាងបរិភោគបន្លែផ្លែឈើស្រស់ផង។ ទុកបន្លែផ្លែឈើ ចោល (ហាលវាលហាលខ្យល់) ក្នុងផ្ទះយូរថ្ងៃពេក អាចធ្វើឱ្យបន្លែផ្លែឈើទាំងនោះបាត់បង់ប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាពិសេសបាត់បង់សារធាតុវីតាមីន សេ និងសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ ហេតុដូច្នេះហើយបានជាវេជ្ជបណ្ឌិតជំនាញ សូមលើកទឹកចិត្តឱ្យ យើងគ្រប់គ្នា បើប្រសិនមានលទ្ធភាព សាកល្បងបង្កបន្លែផ្លែឈើដោយខ្លួនឯង។ ទិញមកពីផ្សារច្រើន រំលែកទទួលទានមួយភាគភ្លាម សល់ប៉ុន្មាន ចិតកាត់បន្លែផ្លែឈើត្រីសាច់ ស្រស់ៗ ជាដុំៗតូចល្មម ហើយយកទៅបង្កកទុកភ្លាម។ បន្លែត្រីសាច់ទាំងនោះនឹងរក្សាគុណភាពបានដូចនៅស្រស់។សូមប្រយ័ត្ន អ្នកជំនាញអួតសរសើរអំពីគុណភាពអាហារកកនេះ គឺសំដៅតែលើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធបង្កកដោយគ្មានការកៃច្នៃទេ។ អាហារឆ្អិនស្រាប់ ឬអាហារកែច្នៃធ្វើហើយដាក់បង្កកលក់ មានរាប់បញ្ចូលក្នុងបញ្ជីនេះទេ។ ជាថ្មីម្តងទៀត អាហារធ្វើស្រាប់ ឬអាហារកែច្នៃ ធ្វើឡើងតាមបែបឧស្សាហកម្ម គ្មានគុណភាពល្អសម្រាប់សុខភាពឡើយ៕
ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ?
៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។ មិនចេះនៅស្ងៀម មិនចេះអង្គុយនឹងមួយកន្លែង ឬក៏រវើរវាយ មិនអាចត្រងត្រាប់ស្តាប់ឬមិនអាចផ្ចង់ស្មារតីធ្វើអ្វីមួយឱ្យបានចប់ចុងចប់ដើម និងគ្មានភាពអធន អំណត់ ព្រមទាំងងាយខឹងច្រឡោតបញ្ចេញប្រតិកម្មតបបែបឆេវឆាវទៀត នោះកូនអ្នកទំនងជាមានជំងឺមួយ ដែលមានឈ្មោះថា វិបត្តិផ្ចង់អារម្មណ៍ ដែលអប ឬដោយគ្មានភាពរពឹស។ អាការៈបែបនេះ ជាអត្តចរិតរបស់មនុស្សលោកទូទៅមែន តែបើវាស្តែង ឡើងខ្លាំងហួសហេតុ និងក្នុងរយៈពេលអូសបន្លាយយូរ ក្នុងគ្រប់ស្ថានភាព (មិនមែនតែពេលនៅសាលា ឬនៅផ្ទះ) គេលែងហៅថាជាករណីរពឹសធម្មតាហើយ។ មានរោគសញ្ញាបី សម្រាប់សម្គាល់វិបត្តិផ្ចង់អារម្មណ៍ ទីមួយ គឺកង្វះការផ្ចង់អារម្មណ៍ រពឹសខ្លាំង និង ឆេវឆាវ។ អាការៈសញ្ញានេះ មានកំរិតខ្លាំងខ្សោយផ្សេងៗគ្នាទៅតាមស្ថានភាពនៃជំងឺរបស់ក្មេងម្នាក់ៗ។ មិនរពឹស មិនចលាចលមែន តែបើក្មេងចេះតែរវើរវាយ នៅធ្មឹង ចូលចិត្តអង្គុយភ្លេចភ្លឹក រហូតមិនអាចបញ្ចប់លំហាត់ដែលគ្រូដាក់ឱ្យធ្វើ មិនចងចាំពាក្យបង្គាប់របស់គ្រូ និងតែងតែភ្លេចបាត់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាញឹកញាប់ ក៏អាចចាត់ទុកជាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ ករណីមួយទៀត ក្មេងរពឹសខ្លាំង ឆាប់ច្រឡោត និងចលាចលខ្លាំង តែអាចផ្ចង់ធ្វើការណាដែលគេចូលចិត្ត ក៏ហៅថាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ តាមធម្មតា ក្មេងប្រុសច្រើនតែមាន អាការៈរពឹសនិងឆេវឆាវ ខ្លាំងជាងក្មេងស្រី។វិបត្តិផ្ចង់អារម្មណ៍ នេះ អាចមានកើតលើគ្រប់វ័យ តែស្រួលសម្គាល់ឃើញខ្លាំងលើកុមារ។ ហើយការសិក្សាស្រាវជ្រាវក៏មានច្រើនខ្លាំងដែរលើក្មេង។ វិបត្តិផ្ចង់អារម្មណ៍នេះអាចកើតមានតាំងពីនៅក្មេងជាកុមារ រហូតដល់វ័យជំទង់ ក្នុងប្រមាណពី៤០ទៅ៧០%ករណី និងរហូតដល់ចាស់ពេញវ័យ ចំនួនប្រមាណពាក់កណ្តាល។ គេប៉ាន់ប្រមាណថា មានមនុស្សប្រមាណ៤% មានវិបត្តិផ្ចង់អារម្មណ៍ ដោយមានឬគ្មានភាពរពឹស។ ជួនកាលទាល់តែចាស់ទើបដឹងខ្លួនថាមានជំងឺនេះ។ ជាទូទៅ អាការៈសញ្ញានៃវិបត្តិផ្ចង់អារម្មណ៍ច្រើនតែលេចឡើងនៅពេលម្តុំអាយុ ៧ឆ្នាំ តែក្មេងចាប់មានអត្តចរិតពិបាកគ្រប់គ្រង តាំងពីអាយុពីរឆ្នាំ (មុនពេលចូលសាលារៀនម្ល៉េះ)។វិបត្តិផ្ចង់អារម្មណ៍ គ្មានពាក់ព័ន្ធនឹងភាពវៃឆ្លាតរបស់ក្មេងទេ។ ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែលភាគច្រើន ជួបការលំបាកនៅសាលា (រៀនមិនចេះ) បណ្តាលមកពីបញ្ហាអាកប្បកិរិយា ឬការផ្ចង់អារម្មណ៍រៀននេះទេ មិនមែនមកពីពួកគេខ្វះបញ្ញាឡើយ។ នៅប្រទេសបារាំង មានក្មេងប្រមាណ៥% កើតវិបត្តិនេះ ដែលតម្រូវឱ្យឪពុកម្តាយស្វែងរកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ និងផ្តល់ថ្នាំព្យាបាល ព្រោះវិបត្តិនេះអាចរំខានដល់ការសិក្សានិងអប់រំយ៉ាងខ្លាំង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Hervé Glasel ៖“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពឹសឬអត់ ជាផ្នែកមួយនៃវិបត្តិពាក់ព័ន្ធនឹងការលូតលាស់របស់ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មានប្រព័ន្ធក្នុងខួរក្បាលខ្លះ ជាពិសេសប្រព័ន្ធប្រសាទនៅផ្នែកខាងមុខនៃក្បាល នៅក្មេងខ្ចីពេក ទើបកុមារពិបាក ឬមិនអាចផ្ចង់អារម្មណ៍បានល្អ។ តាមធម្មតា ខួរក្បាលដុះលូតលាស់ចម្រើនទៅតាមវ័យ ផ្តល់ភាពចាស់ទុំជារៀងរាល់ថ្ងៃ ដល់ក្មេងមួយភាគធំ តែមួយក្មេងមួយភាគទៀត ប្រព័ន្ធប្រសាទមិនព្រមលូតរឹងមាំតាមវ័យទេ។ ដល់អាយុធំពេញវ័យហើយ នៅតែមានការលំបាកផ្ចង់អារម្មណ៍ទៀត។ “វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពិសខ្លាំងឬអត់នេះ ជះផលវិបាកច្រើន ដោយអាចធ្វើក្មេងពិបាកផ្ចង់ស្មារតី មិនអាចប្រមូលផ្តុំអារម្មណ៍ឱ្យមូល ក្នុងការចាប់យកខ្លឹមសារអ្វីមួយដែលត្រឹមត្រូវ -ដែលគេចង់បានទេ។ នៅក្នុងការសិក្សា ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ មិនអាចផ្តល់ចម្លើយត្រឹមត្រូវ មិនអាចមើលឃើញកំហុសអក្ខរាវិរុទ្ធរបស់ខ្លួន មិនអាចអង្គុយត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូ ដែលជាហេតុធ្វើឱ្យមានការរំខាន ប៉ះពាល់ដល់ជីវិតសិក្សារបស់គេទាំងមូលតែម្តង។ ដើម្បីអាចសិក្សា ខួរក្បាលត្រូវតែមានភាពចាស់ទុំ ស្របទៅតាមដំណើរលូតលាស់ធំធាត់របស់ក្មេង។”វិបត្តិផ្ចង់អារម្មណ៍ ជាជំងឺដ៏ស្មុគស្មាញមួយ ដែលមិនមែនមានមូលហេតុតែមួយទេ។ ជាទូទៅ ដើមហេតុចម្បងដែលនាំមានវិបត្តិនេះ ច្រើនបណ្តាលមកពី បញ្ហាប្រព័ន្ធប្រសាទដែលមានពាក់ព័ន្ធនឹងកត្តាពូជ និងកត្តាបរិស្ថាន តាមរយៈការប៉ះពាល់សារធាតុគីមីពុល ពេលនៅជាទារកក្នុងផ្ទៃ។ ដំបៅនៅខួរក្បាលបង្កឡើងដោយការខ្វះខ្យល់អុកស៊ីហ្សែនពេលកើត អាចបង្កើនហានិភ័យនាំកើតវិបត្តិផ្ចង់អារម្មណ៍នេះនៅពេលធំឡើង។ អ្នកស្រាវជ្រាវបានសង្កេតឃើញថា ខួរក្បាលទទួលបន្ទុកគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងញ្ញាណរៀបរយ និងគ្រប់គ្រងចលនា របស់ក្មេងឬមនុស្សធំមានវិបត្តិផ្ចង់អារម្មណ៍ សកម្មខ្លាំងខុសប្រក្រតី ឬមានកាយវិភាគសាស្ត្រប្លែកពីគេ។ អត្រាណឺរ៉ូនបញ្ជូនសារ (សរសៃប្រសាទ) ក៏គ្មានលំនឹង។ កត្តាពូជ ចូលរួមចំណែកច្រើនគួរជាទីកត់សម្គាល់ ក្នុងការលេចវិបត្តិផ្ចង់អារម្មណ៍។ នៅក្នុង ការសិក្សាលើកូនភ្លោះ អ្នកស្រាវជ្រាវរកឃើញថា បើកូនម្នាក់មានវិបត្តិផ្ចង់អារម្មណ៍ហើយ កូនភ្លោះម្នាក់ទៀតត្រូវតែមានវិបត្តិនេះដែរក្នុងកំរិតដល់ទៅ៨០%។ បើមានម្តាយ ឬឪពុក ឬសមាជិកក្នុងក្រុមគ្រួសារមានវិបត្តិផ្ចង់អារម្មណ៍ហើយ យ៉ាងហោចណាស់ក៏មានកូនម្នាក់កាត់តាមដែរ។ មួយភាគបួននៃឪពុក/ម្តាយធ្លាប់មានប្រវត្តិកើតជំងឺផ្ចង់អារម្មណ៍ តែងមានកូនណាម្នាក់កើតជំងឺនេះដែរ។ ជាចុងក្រោយ ១០ទៅ១៥% នៃជំងឺមានវិបត្តិផ្ចង់អារម្មណ៍ បណ្តាលមកពីបញ្ហាបរិស្ថាន ដោយបានរស់ប្រឈមនឹងសារធាតុគីមីពុល ដូចយ៉ាង សា្រ បារី សំណរ ថ្នាំសម្លាប់សត្វល្អិត ... ក្នុងអំឡុងពេលនៅជាទារកក្នុងផ្ទៃ។ នៅមានកត្តាបរិស្ថានជាច្រើន ដែលគេមិនទាន់កំណត់អត្តសញ្ញាណបាន តែទំនងអាចជាដើមហេតុនាំឱ្យក្មេងមានពូជស្រាប់ កាន់តែងាយមានវិបត្តិផ្ចង់អារម្មណ៍។រហូតមកទល់នេះ គ្មានទេថ្នាំព្យាបាល គឺមានថ្នាំសម្រាល និងបន្ធូរអាការៈសញ្ញារោគតែប៉ុណ្ណោះ។ ចំណែកឯការវិភាគរករោគសញ្ញាជំងឺខ្វះការផ្ចង់អារម្មណ៍ ក៏លំបាកខ្លាំង ព្រោះសញ្ញារោគខ្លះអាចបង្កឡើងដោយវិបត្តិផ្សេង ដែលមានទម្រង់ប្រហាក់ប្រហែលខ្លាំង ឬខ្សោយនឹងវិបត្តិផ្ចង់អារម្មណ៍។ ការវិភាគរោគសញ្ញារំពឹងទាំងស្រុងទៅលើការវាយតម្លៃស៊ីជម្រៅនិងបរិស្ថានជីវិតរបស់កុមារ ពោលគឺគ្រូពេទ្យអាចពិនិត្យមើល ជាដំបូង ការលូតលាស់នៃខួរក្បាល ហើយឪពុកម្តាយត្រូវតែរៀបរាប់អំពីប្រវត្តិធំធាត់របស់កូន ឬក៏អាចមានពិនិត្យវាស់កម្រិតបញ្ញារបស់ក្មេងផង។ ប៉ុន្តែគ្មានទេ ប្រដាប់ធ្វើតេស្តប្រព័ន្ធប្រសាទឬចិត្តសាស្ត្រ ដើម្បីវិភាគជំងឺជាផ្លូវការទេ៕
ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ?
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ? ការដើរខ្យល់អាចធ្វើឱ្យយើងសើចផង ខ្មាស់គេផង។ ប៉ុន្តែ ដើរខ្យល់ជាអាការៈធម្មជាតិ និងអាចជាសញ្ញាបញ្ជាក់ថាយើងមានសុខភាពល្អទេ។ ខ្យល់ក្នុងពោះវៀន ផលិតឡើងដោយសារតែយើងលេបខ្យល់ចូលក្នុងពោះជារៀងរាល់ថ្ងៃ និងដោយសារតែបាក់តេរី ដែលរស់នៅក្នុងពោះវៀនយើង ឬហៅតាមភាសាបច្ចេកទេសថា មីក្រូប៊ីយុត Microbiote។ បាក់តេរីអស់នេះរស់រីករាលដាលដោយស៊ីសំណល់ចំណីអាហារក្នុងពោះដែលមិនកិនរលាយ ហើយបង្កបង្កើតជាឧស្ម័នឡើង។ ជាឧស្ម័ន ប្រភេទអ៊ីដ្រូសែន អុកស៊ីតដឺកាបោន និងជួន ជាមេតាន។ ឧស្ម័នទាំងអស់នេះ នាំគ្នាទៅផ្តុំនៅមាត់ច្រកចេញ (ទ្វារធំ)។ ឱ្យតែមានសម្ពាធខ្លាំងបន្តិច ខ្យល់នឹងធាក់ចេញមកក្រៅភ្លាម ឬហៅថាផោម។ ជួនកាលការដើរខ្យល់ មានសំឡេងអមមកជាមួយទៀត។ នៅពេលធ្លាយខ្យល់ហើយមានសម្ពាធខ្លាំង ខ្យល់នឹងទៅអង្រួនស្បែករន្ធទ្វារធំ។ គឺការអង្រួនស្បែកគូថនោះហើយដែលធ្វើឱ្យមានលាន់សំឡេងប្លែកៗឡើង។ មនុស្សម្នាក់ៗបញ្ចេញខ្យល់ ជាមធ្យម ១០ទៅ២០ដង ក្នុងមួយថ្ងៃ ពោលគឺស្មើនឹងប្រមាណកន្លះទៅមួយមួយលីត្រកន្លះខ្យល់ ក្នុងមួយថ្ងៃ។ តើមធ្យមភាគរបស់អ្នកនៅចន្លោះណា ? សូមវាល់វែងរាប់ខ្លួនឯងចុះ។ គ្រាន់តែត្រូវជ្រាបបន្ថែមទៀតថា របបអាហារក៏កត្តាសំខាន់ មួយចូលរួមចំណែកខ្លាំងធ្វើឱ្យ ហើមពោះ មានចរន្តខ្យល់នេះដែរ។អាហារដែលសម្រួលការហើមពោះគ្រូពេទ្យជំនាញក្រពះពោះវៀន ចំណីអាហារ អ្នកស្រាវជ្រាវ បានយល់ព្រមព្រៀងទាំងអស់ក្នុងការដាក់ចំណាត់ថ្នាក់ឱ្យចំណីអាហារ ដែលធ្វើមានខ្យល់ក្នុងពោះ។ ស្ពៃជាប់ចំណាត់ថ្នាក់លើគេ ហើយសណ្តែកជាប់លេខខ្ពស់ជាងគេ។ ចំពោះផ្លែឈើវិញ ផ្លែឈេរី (ព្រីង) ផ្លែសឺរី សុទ្ធតែជាប់ចំណាត់ថ្នាក់ហើយ តែជាប់លេខខ្ពស់ជាងគេគឺផ្លែប៉ោម។ ផ្លែឈើទាំងអស់នេះ មានកំរិតជាតិfructoseខ្ពស់ ដែលជាជាតិស្ករពិបាកបញ្ជ្រាប។ ការទំពារស្ករកៅស៊ូ និងទទួលទានទឹកមានជាតិហ្កាស ច្រើនពេកក៏ធ្វើឱ្យមានខ្យល់ក្នុងពោះច្រើនដែរ។ហេតុអ្វីមានក្លិន ?ដើរខ្យល់ជាអាការៈធម្មជាតិមែនហើយ ប៉ុន្តែហេតុអ្វីបានជាពេលខ្លះវាមានក្លិនមិនល្អសោះនោះ ?! ក្លិនខ្យល់ប្រែប្រួលទៅតាមប្រភេទអាហារដែលយើងបានទទួលទានចូលទៅ និងអាស្រ័យទៅលើបាក់តេរី ដែលជាអ្នកផ្អាប់អាហារនោះទៀត។ ការវិភាគដកពិសោធន៍លើសត្វបានបង្ហាញថា បាក់តេរីនៅក្នុងពោះមិនដូចគ្នាទេ។ បាក់តេរីនៅពោះវៀនខាងឆ្វេងផ្សេង បាក់តេរីនៅពោះវៀនខាងស្តាំផ្សឹង។ អាហារដែលសម្បូរជាតិសរសៃ ហ្វាយប័រ ដូចជាសណ្តែក ឬអាហារពពួកជាតិស្ករខ្លះ បង្កឱ្យមានឧស្ម័ន(ខ្យល់)ច្រើននៅពោះវៀនផ្នែកខាងស្តាំ និងច្រើនតែឱ្យក្លិនមិនសូវល្អនៅពេលចេញក្រៅ។ នេះជាការធម្មតា។ផ្ទុយទៅវិញ ការទទួលទានអាហារសម្បូរជាតិសាច់ សាច់ផ្អាប់ប្រៃ នឹងបង្កឱ្យមានខ្យល់នៅផ្នែកខាងឆ្វេងពោះវៀន ហើយខ្យល់នេះមានក្លិនស្អុយខ្លាំង ព្រោះជាខ្យល់ដែលមានធាតុSulfure d’hydrogène អ៊ីដ្រូហ្សែន។ ក្លិនខ្យល់គឺអាស្រ័យទៅរបបអាហារមែនហើយតែនៅមានកត្តាសំខាន់មួយចូលរួមចំណែកដែរ គឺប្រភេទនៃបាក់តេរីធម្មជាតិក្នុងពោះវៀន flore intestinale ដែលមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ថ្នាំធ្យូងជួយទម្លាយខ្យល់ ?នៅពេលមានអាការៈហើមពោះភ្លាម គ្រប់គ្នាតែងគិតស្វែងរកថ្នាំមកព្យាបាល។ ថ្នាំដែលគេស្គាល់ និងប្រើទូទៅជាងគេ គឺថ្នាំធ្យូង។ ជាថ្នាំធម្មជាតិ មានប្រើតាំងពីសម័យដូនតាយូរមកហើយ។ ថ្នាំធ្យូងធម្មជាតិដែលផលិតចេញពីសំបកដូង សំបករុក្ខជាតិ អាចស្រូបខ្យល់បានដល់ទៅ ១០០ដងនៃទំហំថ្នាំ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំជាអាវុធមុខពីរ អាចព្យាបាលអ្នកពីជំងឺផង តែក៏អាចបំពុលអ្នកវិញបានដែរ។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីឱសថការី Catherine Debelmas ពន្យល់លម្អិត អំពីគុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំធ្យូង ៖“ថ្នាំធ្យូងធម្មជាតិ មានប្រសិទ្ធភាពដំបូង គឺស្រូបបឺតជាតិហ្កាស។ អ៊ីចឹងហើយបានជាគេប្រើវាក្នុងពេលករណីហើមពោះ ឬទល់ខ្យល់។ ទីពីរវាអាចស្រូបជាតិទឹក ហេតុដូច្នេះគេអាចប្រើថ្នាំនេះក្នុងករណីរាករូស និងចុងក្រោយវាអាចស្រូបជាតិពុល ទើបគេអាចប្រើវានៅពេលអាការៈរលាកពោះវៀន បង្កឡើងដោយបាក់តេរី។ ថ្នាំធ្យូងមានច្រើនទម្រង់ ខ្លះជាថ្នាំគ្រាប់រលាយក្នុងទឹក ពិបាកលេបបន្តិច ជាថ្នាំស្រោប ខ្លះជាកាស៊ុល។ ថ្នាំធ្យូង មានគុណប្រយោជន៍មួយ គឺជាតិធ្យូង មិនរលាយទៅក្នុងឈាមទេ វានៅរក្សាទម្រង់ក្នុងប្រដាប់រំលាយអាហារ។ តែការមិនរលាយទៅក្នុងឈាម អាចបង្កផលវិបាក និងគុណវិបត្តិផ្សេងទៀត។ គ្រប់ថ្នាំលេប សុទ្ធតែរលាយជ្រាបទៅក្នុងឈាម ដើម្បីបញ្ចេញប្រសិទ្ធភាពថ្នាំ។ ឯថ្នាំធ្យូងមិនរលាយ មិនជ្រាប តែជាអ្នកស្រូប បឺតខ្យល់ ស្រូបជាតិទឹក ស្រូបជាតិពុល ... ស្រូបគ្រប់ជាតិទាំងអស់ រាប់ទាំងជាតិថ្នាំដែលលេបចូលទៅទន្ទឹមពេលជាមួយគ្នាផង។ ដូច្នេះ សម្រាប់អ្នកលេបថ្នាំព្យាបាលជំងឺជាប្រចាំ ដូចជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ថ្នាំបេះដូង ឬថ្នាំគ្រាប់ពន្យារកំណើត សូមប្រុងប្រយ័ត្នឱ្យមែនទែន កុំលេបថ្នាំព្យាបាលអ្វីផ្សេងទន្ទឹមនឹងថ្នាំធ្យូងឱ្យសោះ។ សូមកុំរក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ពីរម៉ោង។ បើលេបទន្ទឹមគ្នាជាមួយថ្នាំធ្យូង ថ្នាំពន្យារកំណើតនឹងគ្មានប្រសិទ្ធភាពទេ។”លោកអ្នកអាចរកថ្នាំលេបបណ្តោះអាសន្ន នៅតាមឱសថស្ថានបាន ប៉ុន្តែយកល្អ បើអ្នកហើមពោះ មានអាការៈកូរ ចុកឆ្អល់ ទល់លាមកឬរាករូស ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្រពះពោះវៀននិងថ្លើម។ មានតែគ្រូពេទ្យទេ ដែលអាចវិភាគរកមូលហេតុនៃអាការៈហើមពោះបាន។ក្នុងករណីខ្លះទៀត បើអ្នកមិនទាន់ចង់ទៅពិគ្រោះជាមួយគ្រូពេទ្យ សូមសាកល្បងប្តូរផ្លាស់ទម្លាប់ក្នុងការរស់នៅ និងរបបអាហារ។ ប្តូរពីការចូលចិត្តញ៉ាំជាបន្លែពពួកស្ពៃ មកជាបន្លៃត្រប់ ពីផ្លៃប៉ោម មកផ្លែចេក ទទួលទានអាហារយឺតៗទំពារមួយៗឱ្យម៉ត់ល្អមុននឹងលេប កុំទុកឱ្យរាន់ខ្លាំងបានរត់ទៅបត់ជើងតូចឬបត់ជើងធំ។ ធ្វើកីឡា ហាត់ប្រាណ ជាការបញ្ចេញសកម្មភាពដែលល្អសម្រាប់ពោះវៀន និងដែលជួយបំបាត់អាការៈហើមពោះបាន។ កាលពីឆ្នាំ២០០៦ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអេស្ប៉ាញ បានបង្ហាញការធ្វើកីឡាល្មមៗ ដូចជាធាក់កង់ អាចជួយកាត់កាត់បន្ថយបរិមាណ ខ្យល់ក្នុងពោះវៀនតូច បានដល់ពាក់កណ្តាលឯណោះ៕
សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ?
អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ? តាំងពីឆ្នាំ២០១០មក អង្គការសុខភាពពិភពលោក បានទទួលស្គាល់ អាការៈ “អារ” គ្មានកូន ជាជំងឺមួយ។ ហើយ របាយការណ៍ចុងក្រោយទើបចេញកាលពីសប្តាហ៍មុន ដែលជាការសិក្សាវិភាគកាន់តែស៊ីជម្រៅ រយៈពេលជាង១០ឆ្នាំ ពីឆ្នាំ១៩៩០-២០២១ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន គ្មានកូន ជាជំងឺដែលប៉ះពាល់ ក្នុងកំរិតដូចគ្នានៅទូទាំងពិភពលោក មិនថានៅក្នុងប្រទេសអ្នកមាន ឬក្នុងប្រទេសក្រីក្រ-មធ្យមឡើយ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលនេះ ក្នុងចំណោមមនុស្ស៦នាក់ មានម្នាក់ហើយជាជនរងគ្រោះគ្មានសមត្ថភាពបង្កកំណើតកូន ពោលគឺ១៧,៨% នៃប្រជាពលរដ្ឋពេញវ័យបង្កកំណើតជាមនុស្ស “អារ” នៅក្នុងប្រទេសអ្នកមាន និង១៦,៥% នៅប្រទេសក្រីក្រនិងមធ្យម។ នេះសឱ្យឃើញថា គ្មានកូន ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងពិតៗ និងជាជំងឺដែលមិនរើសអើងប្រកាន់ឋានៈទៀតឡើយ។ ជំងឺអារមានកើតនៅគ្រប់ទិសទី និងក្នុងគ្រប់មជ្ឈដ្ឋាន។ នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងបារាំងជាឧទាហរណ៍ គ្រួសារបញ្ញាវន្ត ក៏ដូចគ្រួសារកម្មករ នៅក្រុងធំក៏ដូចនៅជនបទ សុទ្ធតែប្រឈមនឹងបញ្ហាគ្មានកូន ដូចគ្នា។សម្រាប់លោកវេជ្ជបណ្ឌិត តេដ្រូស នាយកអង្គការសុខភាពពិភពលោក មធ្យមភាគ ១៧% នៃមនុស្សពេញវ័យនៅលើពិភពលោកមានបញ្ហាបង្កកំណើត ជាចំនួនដ៏ច្រើនខ្លាំងណាស់ បើរាប់ទៅគឺស្មើនឹងជាច្រើនរយលាននាក់ ប៉ុន្តែប្រធានបទ “ជំងឺគ្មានកូន” បែរជាពុំសូវមានការសិក្សាស្រាវជ្រាវ ហើយដំណោះស្រាយនៅមានកំរិត និងថ្លៃខ្លាំងដែលគូស្វាមីភរិយាមួយចំនួនធំគ្មានលទ្ធភាពពឹងពាក់បាន។ យោងទៅលើអត្រាភាគរយនៃចំនួនមនុស្សអារ លោកនាយកអង្គការសុខភាពពិភពលោក យល់ថាដល់ពេលចាំបាច់ត្រូវពង្រីកការផ្តល់សេវាព្យាបាលនិងថែទាំជំងឺអារ គ្មានកូន និងមិនត្រូវមើលបញ្ហាអត់កូនទៀតទេ។ អ្នកនយោបាយ អ្នកស្រាវជ្រាវ ត្រូវខិតខំផ្តល់មធ្យោបាយ ការពារនិងព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និងតម្លៃសមរម្យ សម្រាប់ឱ្យគ្រប់គូស្វាមីភរិយា ដែលប្រាថ្នាក្លាយខ្លួនជាឪពុកម្តាយ។តើអ្នកជំនាញពន្យល់អំពីផលវិបាកនៃការគ្មានកូនចំពោះសុខភាពផ្លូវចិត្តយ៉ាងណា ?គេមិនអាចមើលស្រាលបញ្ហាគ្មានកូនបានទេ។ គ្មានកូនដូចប្រាថ្នា ប្រៀបដូចជារស់ទូលសម្ពាធដ៏ធ្ងន់។ នៅក្នុងប្រទេសខ្លះ ស្ត្រីអាចពរពោះទើបហៅថាស្រី។ បុរសគ្មានកូនមិនសមជាប្រុស។ តាមច្បាប់ធម្មជាតិ គូស្វាមីភរិយារួមរស់ជាមួយគ្នាត្រូវតែមានកូន បន្តពូជ តែបើរស់យូរឆ្នាំហើយនៅមិនអាចមានកូន នោះមិនហៅថាជាប្តីប្រពន្ធទេ។ល និង។ល។... ជាលទ្ធផល បើតាមអ្នកជំនាញអង្គការសុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ អ្នកគ្មានលទ្ធភាពមានកូន ច្រើនតែមានបញ្ហាសុខភាពផ្លូវចិត្ត មានជំងឺថប់កង្វល់ និងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងអាចប្រឈមនឹងហានិភ័យជួបអំពើហិង្សាក្នុងគ្រួសារទៀត។សម្រាប់លោក សាមៀ ហាម៉ាម៉ារ Samir Hamamah សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជីវវិទូ ផ្នែកបន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងម៉ុងពឺលីយ៉េរ ដែលរដ្ឋាភិបាលបារាំងបានប្រគល់បន្ទុកឱ្យសិក្សារកមូលហេតុនៃភាពអាររបស់មនុស្ស ចេញផ្សាយកាលពីឆ្នាំ២០២២ នៅពេលមនុស្សម្នាក់គ្មានសមត្ថភាពមានកូន ស្ត្រីឬបុរសនោះ តែងមានអារម្មណ៍ខ្វល់ខ្វាយ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងអាចធ្លាក់ខ្លួនមានជំងឺធ្លាក់ទឹកចិត្ត។ សម្ពាធសង្គមជាដើមហេតុមួយអាចជំរុញឱ្យគូស្វាមីភរិយាខ្លះដែលចង់បានកូន ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត។ សំណួរតែមួយម៉ាត់ ថា “មើល៎ ! ថ្ងៃណាបានកូន” គ្រប់គ្រាន់នឹងធ្វើឱ្យ ស្ត្រីឬបុរសជាប្តីប្រពន្ធចង់បានកូននោះ វិលវល់សតិអារម្មណ៍ និងត្រូវពេលវេលាពីរបីថ្ងៃទម្រាំអាចធ្វើចិត្តបានឡើងវិញ។ ចុះតើមួយថ្ងៃ មួយខែ មួយឆ្នាំ គូស្វាមីភរិយានេះត្រូវជួបនឹងសំណួរបែបនេះប៉ុន្មានដង ?! នៅពេលកង្វល់និងការព្រួយបារម្ភ ក្លាយទៅជាអារម្មណ៍រអៀសនឹងខ្លួនឯងឡើងដល់កំរិតណាមួយ បុរសនិងស្ត្រីប្តីប្រពន្ធនោះ ចាប់មាននិន្នាការឡើងទម្ងន់ ដែលជាបញ្ហាផ្តើមមួយទៀតនៃជំងឺគ្មានកូន។ ធាត់ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើននៃការគ្មានកូន។ ដូចភាពវិលវល់ក្នុងវដ្តសង្ខារ គេសង្កេតឃើញគូស្វាមីភរិយាអារ គ្មានសមត្ថភាពមានកូន ច្រើនតែមានរោគសញ្ញាធាត់ជាប់នឹងខ្លួន។ផលវិបាកមួយទៀត នៃគូគ្មានកូន គឺដោយរវល់ខ្វល់គិតតែចង់បានកូន នៅទីបំផុត ពួកគេលែងមានជីវិតជាប្តីប្រពន្ធពិតៗ។ គូស្វាមីភរិយា ភាគច្រើន ភ្លេចរឿងរួមរក្ស លែងមានចំណង់ការរួមភេទ ព្រោះតែការរួមរក្សត្រូវបានភ្ជាប់ទៅនឹងជំងឺអារ។ មានមិនតិចករណីទេ ដែលនៅពេលមកជួបពេទ្យធ្វើតេស្តរកភាពអារហើយ ខាងប្តីឬប្រពន្ធបែរជាបដិសេធទៅវិញ ដោយសំអាងថាមិនទាន់បានត្រៀមខ្លួន។ ស្ថានភាពបែបនេះ អាចជំរុញឱ្យប្តីប្រពន្ធឈានដល់ការលែងលះ និងងំជាអំពើហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធឡើង។ ហេតុដូច្នេះហើយបានជាករណីខ្លះ គូគ្មានកូនចាំបាច់ត្រូវរកការគាំទ្រផ្នែកផ្លូវចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ ឬពីក្រុមគ្រួសារ និងត្រូវរួសរាន់ស្វែងរកដំណោះស្រាយ។ ជាទូទៅ គូស្វាមីភរិយា ច្រើនសំងំនិងចំណាយពេលជាមធ្យមបួនឆ្នាំ ទម្រាំទម្លាយនិងទៅរកជំនួយដល់ជីវិតគូរបស់ខ្លួន។តើអ្វីទៅជាមូលហេតុនាំអារ ?អារគ្មានកូន បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក គឺជាជំងឺពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់ស្ត្រី ឬបុរស ដែលសម្គាល់ដោយអសមត្ថភាពក្នុងការបង្កកំណើតកូន ក្រោយពីបានរួមរក្សដោយគ្មានការពារ និងយ៉ាងទៀងទាត់តាមគន្លងជីវិតប្តីប្រពន្ធ រយៈពេលយ៉ាងហោច១២ខែជាប់គ្នា។ កាលពីជាង៣០ឆ្នាំមុន នៅពេលគ្មានកូន គេតែងបន្ទោសនិងទម្លាក់កំហុសជាស្វ័យប្រវត្តិទៅលើភាគីខាងស្រី។ ដោយជំរុញឱ្យបុរសប្តូរប្រពន្ធ ឬរកស្រីថ្មីដើម្បីបានកូនបន្តពូជ។ ប៉ុន្តែឥលូវនេះ គេបានដឹងច្បាស់ថា បុរស ក៏អាចជាដើមហេតុនៃការគ្មានកូនដូចស្ត្រីដែរ គ្រាន់តែភាគីបុរសខ្លះនៅបន្តងប់ បដិសេធ មិនទទួលស្គាល់ការពិតថាខ្លួនជាដើមហេតុនៃការគ្មានកូនតែប៉ុណ្ណោះ។ តាមវិទ្យាសាស្ត្រ មួយភាគបីនៃករណីគ្មានកូន បណ្តាលមកពីស្ត្រី មួយភាគបីទៀត គឺបណ្តាលមកពីបុរស និងមួយភាគចុងក្រោយ មកពីទាំងសងខាង ឬដោយគ្មានមូលហេតុអាចពន្យល់បាន។ ថ្វីបើនៅក្នុងរបាយការណ៍ថ្មីនេះ អង្គការសុខភាពពិភពលោក មិនបានផ្តោតការសិក្សាទៅលើមូលហេតុដែលនាំស្ត្រីនិងបុរសបច្ចុប្បន្ន ចុះថយឬគ្មានសមត្ថភាពបង្កកំណើតមែន ប៉ុន្តែអាយុអាចចាត់ទុកជាដើមហេតុចម្បង។ ក្មេងជំនាន់នេះ ក្រគិតគូរយកកូនណាស់។ នៅឆ្នាំ២០១៩ ស្ត្រីចាប់មានកូនដំបូង នៅអាយុ២៩ឆ្នាំ ជាមធ្យម ទល់នឹង២៤ឆ្នាំកាលពីឆ្នាំ១៩៧៥។ ហើយតាមច្បាប់ធម្មជាតិ លទ្ធភាពបង្កកំណើតរបស់មនុស្សស្រី ត្រូវផ្តើមថយជាលំដាប់ ចាប់ពីអាយុ៣០ឆ្នាំទៅ។ក្រៅពីកត្តាអាយុ របៀបរបបរស់នៅបែបថ្មី ដែលនិយមភាពស្រណុក មិនបញ្ចេញកម្លាំងកាយ ចូលចិត្តស៊ីផឹកគ្រឿងស្រវឹង (ស្រា-ប៊ីយែរ) ជក់បារី ធាត់ ... ក៏ជាកត្តារួមចំណែកមិនឱ្យមានកូនដែរ ព្រោះកត្តាទាំងនេះ ប៉ះពាល់ខ្លាំងណាស់ដល់មេជីវិតបុរសស្ពែម៉ាតូហ្សូអ៊ីត និងសមត្ថភាពពរពោះរបស់ស្ត្រី។ តាំងពីជាង៣០ឆ្នាំចុងក្រោយមកនេះ គេសង្កេតឃើញសមត្ថភាពបង្កកំណើតបុរសបានធ្លាក់ចុះ ជាទូទៅនៅទាំងពិភពលោក គួរឱ្យព្រួយបារម្ភ។ ស្ពែរម៉ាតូហ្សូអ៊ីត មេជីវិតរបស់បុរស បានថយ ទាំងបរិមាណនិងគុណភាពអស់ជាង៥០%។ បន្ទាប់មកទៀត គឺបញ្ហាបរិស្ថាន ដែលពោរពេញទៅដោយសារធាតុពុលប៉ះពាល់ដល់ប្រព័ន្ធអ័រមូនលូតលាស់យ៉ាងខ្លាំង។ ជាតិពុលប៉ះពាល់ដល់ប្រព័ន្ធលូតលាស់ មាននៅគ្រប់ទិសទី ដូចជានៅក្នុង ថ្នាំលាបជញ្ជាំងផ្ទះ ក្នុងផលិតផលសំអាង គ្រឿងម៉ាគីយេ នៅក្នុងចំណីអាហារ។ អ៊ីចឹងបានជាគ្មាននរណាម្នាក់អាចគេចរួចទេ។ បើតាមការសិក្សាអាមេរិក មានតែពលរដ្ឋមួយក្រុមគត់ដែលហាក់គេចរួចពីបរិស្ថានពុល គឺអ្នករស់នៅជាក្រុម ដាច់ស្រយាល គ្មានឬមានទំនាក់ទំនងនឹងពិភពខាងក្រៅយ៉ាងតិចតួចបំផុត។ ដូច្នេះ បើចង់បំបាត់កត្តាមួយនេះ ត្រូវតែមានការប្តូរផ្លាស់នៅក្នុងសង្គម ក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ទើបអាចប្តូរផ្លាស់បរិស្ថានឱ្យប្រសើរឡើងវិញ។ តែនិន្នាការបច្ចុប្បន្នមានតែអាក្រក់ទៅៗប៉ុណ្ណោះ។ អ្នកស្រាវជ្រាវអាមេរិកព្យាករថា យ៉ាងយូរនៅឆ្នាំ២០៥០ គូស្វាមីភរិយាភាគច្រើនត្រូវពឹងលើវិធីបង្កកំណើតក្រៅស្បូន ដើម្បីបានកូន។កត្តាបរិស្ថាន សុខភាព និងសង្គម បានធ្វើឱ្យមានកំណើនជំងឺអត់កូន ប្រមាណ ០,៣-០,៤% ក្នុងមួយឆ្នាំ។ ជាមួយតួលេខនេះ អារគឺជាតំណាងបញ្ហាសុខភាពសាធារណៈពិតៗផង ជាតំណាងនៃការគំរាមកំហែងមនុស្សជាតិទៀត។ សម្រាប់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សាមៀ ហាម៉ាម៉ារ បើជំងឺអត់កូននៅតែបន្តកើនឡើងជាលំដាប់ដូច្នេះ មនុស្សជាតិអាចនឹងត្រូវផុតពូជ នៅ២សតវត្សរ៍ទៀត បើជាការព្យាករណ៍ប្រកបដោយសុទិដ្ឋនិយម តែបើមានទុទ្ទិដ្ឋនិយមខ្លាំងវិញគឺត្រឹមតែមួយសតវត្សរ៍កន្លះទេ ព្រោះដើម្បីឱ្យសង្គមជាតិមួយអាចនៅគង់វង្សស្ថិតស្ថេរបាន គ្រួសារមួយត្រូវមានអ្នកបន្តពូជ (មានកូន) ជាមធ្យម ២,៦នាក់។ តែពេលនេះ ស្ត្រីបារាំងម្នាក់បង្កើតកូនជាមធ្យមតែ១,៨៣នាក់ ស្ត្រីអ៊ីតាលី អេស្បាញឬព័រទុយហ្កាល់ មានកូនជាមធ្យម ១,៣នាក់។ ហើយកាន់តែគួរព្រឺក្បាលទៀត គឺចិនអាចនឹងបាត់បង់ប្រជាជនអស់ពាក់កណ្តាល នៅរវាង ពី៤០ទៅ៥០ឆ្នាំទៀតខាងមុខ។ នេះបើតាមទស្សនៈរបស់ជីវវិទូបារាំង សាមៀ ហាម៉ាម៉ារដដែល៕
អាការៈអស់កម្លាំងមិនធម្មតា ជាជំងឺ ?
មានអារម្មណ៍នឿយហត់អស់កម្លាំង ក្រោយពីបានប្រឹងបញ្ចេញកម្លាំងកាយ ឬបញ្ញាគិតធ្វើអ្វីមួយខ្លាំងជ្រុល គឺជារឿងធម្មតា។ តែអាការៈអស់កម្លាំង លែងហៅថា ធម្មតា ប្រសិនបើគេបានសម្រាកយ៉ាងយូរហើយនៅតែពុំព្រមបាត់ហត់ នៅតែមានអារម្មណ៍ថាគ្មានថាមពលចង់ធ្វើកិច្ចការប្រចាំថ្ងៃទៀត។ តើអាការៈអស់កម្លាំង មិនធម្មតា ជាអ្វី ? ជាជំងឺ មែនទេ ?បទអន្តរាគមន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យកូស្ហាំង ក្រុងប៉ារីស នៅថ្ងៃនេះកម្មវិធីសុខភាពរបស់យើងសូមលើកយកមកជម្រាបជូនលោកអ្នកនាងឱ្យបានជ្រាបអំពីអាការៈ អស់កម្លាំងមិនធម្មតា ឬ Asthénie បើតាមភាសាបច្ចេកទេសពេទ្យ។ គឺជាអាការៈអស់កម្លាំង មិនប្រក្រតី បានសម្រាកយ៉ាងពេញលេញហើយ នៅតែមិនព្រមបាត់ទៀត ឬបាត់តែមួយភាគ។ នៅប្រទេសបារាំង ១០ទៅ២៥%នៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសារ តែងតែថ្ងូចថ្ងូរអំពីអាការៈអស់កម្លាំងនេះឯង។ ៦ទៅ៧% បានណាត់ជួបពេទ្យដោយហេតុតែអាការៈអស់កម្លាំងនេះមួយគត់។Asthénie ជាពាក្យពេទ្យដែលចង់សំដៅលើអាការៈចុះទន់ខ្សោយនៃសរីរាង្គកាយទាំងមូល។ ជាការអស់កម្លាំងជាទូទៅ ខុសពីការអស់កម្លាំងធម្មតា ហើយបង្កឱ្យមានអារម្មណ៍មិនស្រណុកខ្លួន អសមត្ថភាពនឹងធ្វើកិច្ចការប្រចាំថ្ងៃឱ្យត្រឹមត្រូវ។ អ្នកមានបញ្ហាអាស្តេនី មិនអាចបំពេញរវាងអ្វីដែលត្រូវធ្វើនិងអ្វីដែលគេអាចធ្វើបានទេ។ ស្រ្តីច្រើនជួបអាការៈនេះ ជាងបុរស។អស់កម្លាំងមិនធម្មតា អាស្តេនី ច្រើនជាអាការៈដែលសំដៅលើ ភាពល្វើយ ល្ហិតហ្ហៃ នឿយណាយ មានអារម្មណ៍ខ្ជិល គ្មានកម្លាំងពលំ អាប់អន់បញ្ញារកគិតអ្វីមិនចេញ ខ្សោះក្នុងខ្លួន ខ្វះ-អស់ថាមពល មានអារម្មណ៍ហេវហត់អស់កម្លាំងទន់ខ្សោយ ...តើអ្វីជាមូលហេតុនាំឱ្យអស់កម្លាំង ?អាស្តេនីមិនមែនជាជំងឺទេ ប៉ុន្តែប្រជុំរោគសញ្ញានៃបញ្ហាសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ឬជាលទ្ធផលនៃប្រតិកម្មនឹងបរិស្ថាននៅជុំវិញខ្លួន។ មានន័យថា មានកត្តាច្រើនយ៉ាងដែលជំរុញឱ្យស្តែងជាអាការៈអស់កម្លាំងឡើង។ ប្រភពនៃការអស់កម្លាំង អាចបណ្តាលមកពី របៀបរបបរស់នៅក្នុងជីវិតប្រចាំថ្ងៃប្រែប្រួល ឬបណ្តាលមកពីបានកើតជំងឺអ្វីមួយ។ កង្វះដំណេក ឬគេងមិនស្កប់នៅពេលយប់ ឧស្សាហ៍ភ្ញាក់ គេងមិនទៀង មានកង្វល់ក្នុងការងារ ធ្វើការហួស មានបញ្ហាក្នុងរង្វង់គ្រួសារ មានអ្នកឈឺ មានការបែកបាក់លែងលះ ... ក៏អាចជាដើមហេតុនាំឱ្យអស់កម្លាំងខ្លាំងនិងរ៉ាំរ៉ៃដែរ។ អស់កម្លាំងខុសប្រក្រតីអាចជារោគសញ្ញានៃជំងឺហួសកម្លាំង និងជារោគសញ្ញានៃជំងឺជាច្រើនផ្សេងទៀត ដូចជាជំងឺស្លេកស្លាំងខ្វះឈាមក្រហម ជំងឺបង្ករោគដោយបាក់តេរី ដោយវីរ៉ុស ជំងឺទាក់ទងនឹងក្រពេញលូតលាស់ ឬជំងឺមហារីក និងផឹកស្រាច្រើនជ្រុល។ បញ្ហាខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធរំលាយអាហារ ព្រមទាំងថ្នាំខ្លះ ក៏អាចធ្វើឱ្យអ្នកលេបមានអាការៈអស់កម្លាំងចម្លែក។ដូច្នេះគេអាចនិយាយផ្ទុយមកវិញបានថា អាការៈនឿយហត់អស់កម្លាំង អាចជាសញ្ញាដាស់បញ្ជាក់ថាយើងប្រុងប្រយ័ត្នតាមដានមើលសុខភាពខ្លួន។ តើពិតជាមានជំងឺ ដែលផ្តល់រោគសញ្ញាដំបូងជាអាការៈនឿយអស់កម្លាំងមែនឬ ? សូមស្តាប់ប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យCochin ក្រុងប៉ារីស។Pr Clairer Le Jeunnne ៖ ចាសមាន ! មានជំងឺដែលផ្តល់រោគសញ្ញាដំបូងជាអាការៈអស់កម្លាំង។ ផ្តើមដំបូងគឺជំងឺប៉ះពាល់លើសរីរាង្គ ហើយអាចផ្តល់ថ្នាំព្យាបាលបាន នោះគឺជំងឺខ្វះគ្រាប់ឈាមក្រហមអាណេមី។ ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអ័រមូន ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួន ច្រើនតែលេចសញ្ញាដំបូងជាអាការៈអស់កម្លាំងខ្លាំង។ បញ្ហាផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត ក៏ជាដើមហេតុចម្បងនាំឱ្យអស់កម្លាំងដែរ។”បានសេចក្តីថា នៅពេលមានអាការៈអស់កម្លាំងយូរ គេមិនត្រូវធ្វេសប្រហែលទេ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវែករកមូលហេតុឱ្យបានស៊ីជម្រៅតើគ្រូពេទ្យត្រូវចាប់ធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះទៅវិញ ? សូមស្តាប់ប្រសាសន៍លោកស្រីសាស្ត្រាចារ្យជាថ្មីPr Clairer Le Jeunnne ៖ “គ្រូពេទ្យនឹងពិនិត្យវែករកអតីតភាពនៃជំងឺ។ ប្រសិនបើអ្នកជំងឺម្នាក់ ថ្ងូរថាហត់អស់កម្លាំង ហើយអាការៈអស់កម្លាំងអូសបន្លាយតាំងពីជាង១០ថ្ងៃមកហើយ នោះគ្រូពេទ្យនឹងធ្វើរោគវិភាគបន្ថែមមួយចំនួនទៀត ដូចជា ៖ -ចោទសួរលម្អិតព័ត៌មានទាក់ទងនឹងសុខភាព ដើម្បីជីករកសញ្ញារោគពាក់ព័ន្ធនឹងអាការៈអស់កម្លាំង។ -បន្ទាប់មកគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យគ្លីនិក ក្រែងឃើញអ្វីមិនធម្មតា។ -គ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមបើលទ្ធផលនៃការពិនិត្យបែបគ្លីនិក គ្មានលទ្ធផល ឬផ្តល់តម្រ៉ុយអ្វីមួយ។ចាសគ្រូពេទ្យចាំបាច់ត្រូវតែរកមូលហេតុឱ្យឃើញ ទើបអាចរកមធ្យោបាយព្យាបាលបានត្រឹមត្រូវ និងបានជាអាការៈអស់កម្លាំងនេះ។ ការវិភាគឈាម ជាវិធីសាស្ត្រត្រួតពិនិត្យដំបូងនាំឱ្យគ្រូពេទ្យអាចវែកមើលក្រែងមានការរោលរលាក ការបង្ករោគ ជាយថាហេតុណាមួយកើតឡើងនៅក្នុងសរីរាង្គរបស់អ្នកជំងឺ ឬក៏មានកង្វះគ្រាប់ឈាម និងដើម្បីផ្ទៀងផ្ទាល់មើលតួនាទីរបស់តម្រងនោម របស់ថ្លើម របស់ក្រពេញទីរ៉ូអ៊ីត អត្រាជាតិស្ករ ឬមើលកំរិតសារធាតុដែកក្រែងខ្វះ។ បើមានការរលាកបង្ករោគដោយបាក់តេរី ការព្យាបាលរំពឹងលើថ្នាំផ្សះ។ បើបណ្តាលមកពីជំងឺបាក់ទឹកចិត្ត គ្រូពេទ្យនឹងចេញថ្នាំព្យាបាលអារម្មណ៍ជូន។ បើទម្លាប់អាក្រក់ក្នុងការរស់នៅប្រចាំថ្ងៃជាដើមហេតុ នោះត្រូវប្តូររបៀបរបបដែលល្អប្រសើរ ម្ហូបអាហារមានលំនឹង សម្រាកឱ្យបានគ្រប់គ្រាន់ ... រួចអាចបំពេញបន្ថែមពីថ្នាំវីតាមីន។សូមប្រុងប្រយ័ត្ន អាការៈអស់កម្លាំងមិនធម្មតា អូសបន្លាយលើសពី ៦ខែ ដោយគ្មានមូលហេតុច្បាស់លាស់ អាចត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ។ ពិបាកវិភាគវិនិច្ឆ័យ ជំងឺនេះតែអាច ជាទៅវិញបាន ប៉ុន្តែជួនកាលគេត្រូវការពេលវេលាជាច្រើនឆ្នាំណាស់ទម្រាំអាការៈសញ្ញាអស់កម្លាំងអាចរលុបបាត់ទាំងស្រុង៕
À propos de នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Site web du podcastÉcoutez នាទីសុខភាពនិងអនាម័យ, RMC Info Talk Sport ou d'autres radios du monde entier - avec l'app de radio.fr

នាទីសុខភាពនិងអនាម័យ
Téléchargez gratuitement et écoutez facilement la radio.


នាទីសុខភាពនិងអនាម័យ: Radios du groupe